សេចក្តីផ្តើមសង្គមវិទ្យា
យើងម្នាក់ៗគឺជាសង្គម។ យើងកើតមកចូលក្នុងបរិយាកាសសង្គម បានរីកលូតលាស់ ធំពេញវ័យនៅក្នុងបរិយាកាសសង្គម ហើយបាននឹងកំពុងរស់នៅក្នុងបរិយាកាសសង្គម។ អ្វីដែលយើងគិត របៀបដែលយើងគិត អ្វីដែលយើងនិយាយ និងធ្វើសកម្មភាពទាំងអស់គឺត្រូវបានបង្កើតឡើងដោយអន្តរកម្មរបស់យើង និងមនុស្សផ្សេងទៀត។ វិទ្យាសាស្ត្រដែលសិក្សាអំពីអន្តរកម្មសង្គមទាំងនេះ និងអន្តរកម្មស្ថាប័នសង្គមត្រូវបានគេហៅថា “សង្គមវិទ្យា”។
១. តើសង្គមវិទ្យាជាអ្វី?
ពាក្យ សង្គមវិទ្យា(Sociology) ក្លាយមកពីភាសាពីររួមបញ្ចូលគ្នា គឺភាសាឡាតាំង “Socious” ដែលមានន័យថា សង្គម (Society) និងភាសាក្រិច “Logos” ដែលមានន័យថា វិទ្យាសាស្ត្រ(Science) ឬ ការសិក្សា(Study)។ ដូចនេះគេនឹងបានអត្ថន័យរួមមួយដែលមានន័យថា សង្គមវិទ្យាជា គឺវិទ្យាសាស្ត្រសិក្សាពីសង្គម។
អត្ថន័យនេះហាក់មានភាពទូលំទូលាយពេក ព្រោះវាអាចធ្វើឲ្យមានការច្រឡំជាមួយមុខវិជ្ជាមួយចំនួនទៀតដែលស្ថិតនៅក្នុងវិទ្យាសាស្ត្រសង្គមជាមួយគ្នា។ ម្យ៉ាងវិញទៀតវាអាចមានការលំបាកក្នុងការកំណត់ព្រំដែននៃការសិក្សារបស់វាឲ្យបានច្បាស់លាស់។ ហេតុដូច្នេះហើយទើបមានសង្គមវិទូជាច្រើនបានខិតខំបញ្ចេញ ទស្សនៈ របស់ខ្លួនដើម្បីចង្អុលបង្ហាញ ពីនិយមន័យរបស់សង្គមវិទ្យាដោយផ្អែកលើកម្មវត្ថុ និងវិធីសាស្ត្រនៃការសិក្សាឲ្យបានពិតប្រាកដ។ ខាងក្រោមគឺជានិយមន័យខ្លះៗដែលបានធ្វើការកត់សំគាល់ដែលមានដូចខាងក្រោម៖
1. លោក អូរហ្គូសកុំ (Auguste Comte, 1798-1857) សង្គមវិទ្យាមានន័យថា ជាការសិក្សាពីក្រិត ក្រម្យ ឬ ពីបាតុភូតសង្គមដោយគោរពតាមការណ៍ ឬ វិធីវិទ្យាសាស្ត្រ (Positivism)។
2. លោក ម៉ាក្សវេប៊័រ (Max Weber,1864-1920) សង្គមវិទ្យាគឺ ជាវិទ្យាសាស្ត្រដែលព្យាយាមបកស្រាយពន្យល់អំពីសកម្មភាពសង្គម(Social Action)។
3. លោក ខាស្សប៊័រ (J.F. Cusber, 1925) សង្គមវិទ្យា គឺជាអង្គនៃពុទ្ធិវិទ្យាសាស្ត្រស្តីអំពីអន្តរកម្មសង្គមមនុស្ស។
4. លោក ហ្វាឆាល (H.P.Faichild,1930) សង្គមវិទ្យា គឺជាវិទ្យាសាស្ត្រសិក្សាពីអន្តរកម្មរវាងបុគ្គល និងឥទ្ធិពលនៃមជ្ឈដ្ឋានសង្គមមកលើខ្លួនពួកគេ។
5. លោក ម៉ូរីសជីន្សប៊ឺត (Morris Ginsberg, 1932) សង្គមវិទ្យា គឺជាវិទ្យាសាស្ត្រសិក្សាពីអន្តរកម្មរវាងបុគ្គល និងលទ្ធផលទាំងឡាយដែលកើតចេញពីអន្តរកម្មទាំងនោះ។
6. លោក ប៉ាក និងលោក ប៊ើហ្គិស (R.E.Park & F.W. Burgess, 1955) សង្គមវិទ្យា គឺជាវិទ្យាសាស្ត្រសិក្សាពីការប្រមូលផ្តុំខ្នាតគំរូនៃឥរិយាបថរបស់សង្គមមនុស្ស។
7. លោក ម៉ាក្សអាយវ័រ និងលោក ផេជ (Mac Iver & Page,1945) សង្គមវិទ្យា គឺជាការសិក្សាពីប្រព័ន្ធនៃអន្តរកម្មរបស់សង្គមមនុស្ស។
8. លោក ហារីចនសុន (Hary M. Johnson, 1960) សង្គមវិទ្យា គឺជាវិទ្យាសាស្ត្រដែលជាប់ទាក់ទិនទៅនឹងការសិក្សាពីក្រុមសង្គម ដូចជារចនាសម្ព័ន្ធ ឬ គំរូនៃការរៀបចំគ្រប់គ្រង ដំណើរការក្នុងការថែរក្សា ឬ ការប្រែប្រួលទម្រង់នៃអន្តរកម្មរវាងសមាជិកក្រុមទាំងអស់នោះ។
9. លោក ពើរី (Perry, 1983) សង្គមវិទ្យា គឺជាប្រព័ន្ធ និងជាវិទ្យាសាស្ត្រសិក្សាពីឥរិយាបថរបស់សង្គមមនុស្ស និងសិក្សាពីប្រព័ន្ធអន្តរកម្មដែលជាបច្ច័យបង្កើតឱ្យមានខ្នាតគំរូនៃឥរិយាបថសង្គមទាំងអស់នោះ។
10. លោក ហេស្ស (Hess, 1982) សង្គមវិទ្យា មិនគ្រាន់តែសិក្សាពីឥរិយាបថរបស់សង្គមមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តោតការយកចិត្តទុកដាក់សិក្សាទៅលើបទដ្ឋាន និងរចនាសម្ព័ន្ធរបស់សង្គម ដោយពិនិត្យមើលទៅលើឥទ្ធិពលនៃមជ្ឈដ្ឋានសង្គមដែលយើងរស់នៅផងដែរ។
ទោះបីនិយមន័យខាងលើ មានលក្ខណៈខុសប្លែកគ្នាខ្លះៗក៏ដោយ ក៏គេសង្កេតឃើញមានចំណុចរួមគ្នាមួយចំនួន ដែលយើងអាចធ្វើទូទៅកម្មបានថា សង្គមវិទ្យា គឺជាប្រព័ន្ធ និងជាវិទ្យាសាស្ត្រសិក្សាពីអន្តរកម្មរវាងបុគ្គល និងអន្តរកម្មសង្គម ដែលបង្កើតឲ្យមានគំរូនៃឥរិយាបថរបស់សង្គមមនុស្ស។ សង្គមវិទ្យា ក៏សិក្សាពីឥទ្ធិពលនៃមជ្ឈដ្ឋានសង្គម មជ្ឈដ្ឋានធម្មជាតិ(ភូមិសាស្រ្ត និងអាកាសធាតុ)មកលើជីវភាពសង្គម និងបទពិសោធន៍របស់បុគ្គលផងដែរ។
២-ប្រវត្តិសង្គមវិទ្យា
ទោះបីជាទស្សនវិទូបុរាណ ពីផ្លាតូ ដល់ខុងជឺ បាននិយាយពីប្រធានបទជាច្រើន ដែលក្រោយមកត្រូវបានគេស្គាល់ថាជាសង្គមវិទ្យាក៏ដោយ ក៏វិទ្យាសាស្ត្រសង្គមផ្លូវការមានប្រភព និងត្រូវបានជះឥទ្ធិពលដោយបដិវត្តឧស្សាហកម្មដើមសតវត្សទី១៩។
លោក អូរហ្គូសកុំ (Auguste Comte) អតីតទស្សនវិទូសញ្ជាតិបារាំង ត្រូវបានគេចាត់ទុកថា ជាបិតាសង្គមវិទ្យា ពីព្រោះតែគេរកបានឃើញថា គាត់បានបង្កើតពាក្យសង្គមវិទ្យា និងប្រើប្រាស់វាមុនគេ (ឆ្នាំ១៨៣៨) នៅក្នុងស្នាដៃរបស់គាត់ដែលមានចំណងជើងថា “The Course of Positive Philosophy” បោះពុម្ពផ្សាយនៅឆ្នាំ១៨៤២។ គាត់ជឿថា សង្គមគួតែត្រូវបានយល់ និងសិក្សា ជាជាងគ្រាន់តែយល់ តាមទស្សនៈនៃការយល់ឃើញ ហើយក៏ជាមនុស្សដំបូងដែលទទួលស្គាល់ថា សម្រាប់ការយល់ដឹងអំពីពិភពលោក និងសង្គមគឺផ្អែកលើវិទ្យាសាស្ត្រ (Crossman, Ashley, 2023)។
៣-ម៉ាក្រូ និងមីក្រូសង្គមវិទ្យា
បច្ចុប្បន្នមានវិធីសាស្រ្តសំខាន់ៗចំនួនពីរ៖ ម៉ាក្រូ-សង្គមវិទ្យា និងមីក្រូសង្គមវិទ្យា
៣.១ ម៉ាក្រូ-សង្គមវិទ្យា សិក្សាអំពីសង្គមទាំងមូល
វិធីសាស្រ្តនេះសង្កត់ធ្ងន់ទៅលើការវិភាគនៃប្រព័ន្ធសង្គម និងចំនួនប្រជាជនក្នុងទ្រង់ទ្រាយធំ និងនៅកម្រិតខ្ពស់នៃទ្រឹស្តីអរូបី។ ម៉ាក្រូសង្គមវិទ្យាទាក់ទងនឹងបុគ្គល គ្រួសារ និងទិដ្ឋភាពផ្សេងទៀតនៃសង្គម ប៉ុន្តែវាតែងតែធ្វើដូច្នេះទាក់ទងនឹងប្រព័ន្ធសង្គមធំជាងដែលពួកគេជាកម្មសិទ្ធិ។
៣.២ មីក្រូសង្គមវិទ្យា
ការសិក្សាអំពីអាកប្បកិរិយាក្រុមតូច ផ្តោតលើធម្មជាតិនៃអន្តរកម្មរបស់មនុស្សប្រចាំថ្ងៃក្នុងកម្រិតតូចមួយ។ នៅកម្រិតមីក្រូ ស្ថានភាពសង្គម និងតួនាទីសង្គមគឺជាធាតុផ្សំដ៏សំខាន់បំផុតនៃរចនាសម្ព័ន្ធសង្គម ហើយមីក្រូសង្គមវិទ្យាគឺផ្អែកលើអន្តរកម្មដែលកំពុងបន្តរវាងតួនាទីសង្គមទាំងនេះ។
៤. វិស័យរបស់សង្គមវិទ្យា
មានប្រធានបទជាច្រើននៅក្នុងវិស័យសង្គមវិទ្យា ដែលមួយចំនួនមានលក្ខណៈថ្មី ខាងក្រោមនេះគឺជា ផ្នែកសំខាន់មួយចំនួននៃការស្រាវជ្រាវនិងការអនុវត្ត ។
៤.១ សកលភាវូបនីយកម្ម
សង្គមវិទ្យានៃសាកលភាវូបនីយកម្មផ្តោតលើទិដ្ឋភាពសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ និងផលប៉ះពាល់នៃសង្គម រួមបញ្ចូលគ្នាជាសកល។ សង្គមវិទូជាច្រើនផ្តោតលើវិធី មូលធននិយម និងទំនិញប្រើប្រាស់ ភ្ជាប់មនុស្សជុំវិញពិភពលោក លំហូរចំណាកស្រុក និងបញ្ហាវិសមភាពនៅក្នុងសង្គមសកល។
៤.២ ជាតិសាសន៍ និងពូជសាសន៍
សង្គមវិទ្យានៃពូជសាសន៍ និងជនជាតិភាគតិច ពិនិត្យទំនាក់ទំនងសង្គម នយោបាយ និងសេដ្ឋកិច្ចរវាងជាតិសាសន៍ និងជនជាតិនៅគ្រប់កម្រិតនៃសង្គម។ ប្រធានបទដែលបានសិក្សាជាទូទៅរួមមានការរើសអើងជាតិសាសន៍ ការបែងចែកលំនៅដ្ឋាន និងភាពខុសគ្នានៅក្នុងដំណើរការសង្គមរវាងក្រុមជាតិសាសន៍ និងជនជាតិភាគតិច។
៤.៣ ការប្រើប្រាស់
សង្គមវិទ្យានៃការប្រើប្រាស់ គឺជាផ្នែករងនៃសង្គមវិទ្យាដែលដាក់ការប្រើប្រាស់នៅចំកណ្តាលនៃសំណួរស្រាវជ្រាវ ការសិក្សា និងទ្រឹស្តីសង្គម។ អ្នកស្រាវជ្រាវនៅក្នុងផ្នែករងនេះផ្តោតលើតួនាទីនៃទំនិញប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង ទំនាក់ទំនងរបស់ពួកគេចំពោះអត្តសញ្ញាណបុគ្គល និងក្រុមរបស់យើង នៅក្នុងទំនាក់ទំនងរបស់យើងជាមួយមនុស្សផ្សេងទៀត ក្នុងវប្បធម៌ និងប្រពៃណីរបស់យើង និងផលប៉ះពាល់នៃរបៀបរស់នៅរបស់អ្នកប្រើប្រាស់។
៤.៤ គ្រួសារ
សង្គមវិទ្យានៃគ្រួសារពិនិត្យលើអ្វីៗដូចជា អាពាហ៍ពិពាហ៍ ការលែងលះ ការចិញ្ចឹមកូន និងការរំលោភបំពានក្នុងគ្រួសារ។ ជាពិសេស សង្គមវិទូសិក្សាពីរបៀបដែលទិដ្ឋភាពទាំងនេះនៃគ្រួសារត្រូវបានកំណត់នៅក្នុងវប្បធម៌ និងពេលវេលាផ្សេងៗគ្នា និងរបៀបដែលវាប៉ះពាល់ដល់បុគ្គល និងស្ថាប័ន។
៤.៥ វិសមភាពសង្គម
ការសិក្សាអំពីវិសមភាពសង្គមពិនិត្យលើ ការបែងចែកអំណាច ឯកសិទ្ធិ និងកិត្យានុភាពមិនស្មើគ្នានៅក្នុងសង្គម។ សង្គមវិទូទាំងនេះសិក្សាពីភាពខុសគ្នា និងវិសមភាពក្នុងវណ្ណៈសង្គម ពូជសាសន៍ និងយេនឌ័រ។
៥. លក្ខណៈវិទ្យាសាស្ត្ររបស់សង្គមវិទ្យា
ដូចគ្នានឹងមុខវិជ្ជាវិទ្យាសាស្ត្រធម្មជាតិផងដែរ សង្គមវិទ្យាមានកម្មវត្ថុសិក្សាច្បាស់លាស់របស់ខ្លួន ហើយសង្គមវិទូក៏បានប្រើប្រាស់វិធីវិទ្យាសាស្ត្រដែលត្រូវបានប្រើប្រាស់ដោយពួកវិទ្យាសាស្ត្រធម្មជាតិ ដើម្បីសិក្សានូវបាតុភូតសង្គមដែលពួកគេចាប់អារម្មណ៍។ ហើយទីបញ្ចប់សង្គមវិទូបានយកលទ្ធផលនៃការសិក្សាមកបង្កើតបានជាទ្រឹស្តីជាសាកលសម្រាប់ជាការពន្យល់ ឬ ព្យាករណ៍ទៅលើបាតុភូតសង្គមនោះបានយ៉ាងត្រឹមត្រូវ។ ផ្តើមចេញពីនេះ យើងអាចកត់សំគាល់បានយ៉ាងច្បាស់ថា គេអាចចាត់ទុកសង្គមវិទ្យាថាជាវិទ្យាសាស្រ្តគឺដោយ សារវាមានគោលការណ៍ចម្បងបីសំខាន់ៗគឺ មានកម្មវត្ថុសិក្សាច្បាស់លាស់ ប្រើវិធីវិទ្យាសាស្រ្ត និងបង្កើតបានទ្រឹស្តីដែលមានលក្ខណៈជាសាកល។
៥.១ កម្ថុនៃការសិក្សារបស់សង្គមវិទ្យា
កម្មវត្ថុជាចម្បងនៃការសិក្សារបស់សង្គមវិទ្យា គឺវិលជុំវិញអន្តរកម្មរវាងទិដ្ឋភាពផ្សេងៗនៃជីវិតសង្គមទាំងមូល ដូចជា អន្តរកម្មរវាងបុគ្គលក្នុងជីវភាពរស់នៅធម្មតា អន្តរកម្មក្នុងរចនាសម្ព័ន្ធសង្គមទាំងមូល និងលទ្ធផលរបស់វាដែលនាំឲ្យបង្កើតបានជាគំរូនៃឥរិយាបថសង្គមដែលរួមមានដូចជា ការសាមគ្គី ការប្រកួតប្រជែង និងទំនាស់ ការអភិវឌ្ឍន៍ស្ថាប័ន វណ្ណៈសង្គម ឥទ្ធិពលនៃឥរិយាបថសង្គមមកលើអាកប្បកិរិយា ចិត្តគំនិត អារម្មណ៍ និងបាតុភូតសង្គមផ្សេងៗ ដែលវាជាដំណើរការកើតឡើងជាធម្មតានៅក្នុងជីវភាពរស់នៅរបស់សង្គមមុនស្ស។
៥.២ វិធីសាស្រ្តស្រាវជ្រាវសង្គមវិទ្យា
សង្គមវិទ្យាជាវិទ្យាសាស្រ្ត ព្រោះវាបានប្រើវិធីវិទ្យាសាស្រ្តដើម្បីសិក្សាចំពោះកម្មវត្ថុដែលសង្គមវិទូចាប់ អារម្មណ៍។ វិធីវិទ្យាសាស្ត្រនៃការសិក្សាសង្គមរបស់មុខវិជ្ជាសង្គមវិទ្យា មានមូលដ្ឋានដូចគ្នា ប៉ុន្តែសង្គមវិទូប្រើប្រាស់វាដោយយោងទៅតាមប្រធានបទ ឬ កម្មវត្ថុដែលគេត្រូវសិក្សា។
មានវិធីវិទ្យាសាស្រ្តប្រាំយ៉ាងសំខាន់ៗ ដែលត្រូវបានសង្គមវិទូប្រើប្រាស់ជាទូទៅសម្រាប់ការប្រមូលទិន្នន័យពីសង្គម។ វិធីវិទ្យាសាស្រ្តទាំងប្រាំនោះរួមមាន ការអង្កេត (Survey) ការសង្កេត (Observation) ករណីសិក្សា (Case Study) ការពិសោធន៍ (Experiment) និងការវិភាគទិន្ន័យដែលមានស្រាប់ (Secondary Data Analysis)។
៥.២.១ ការអង្កេត (Survey)
ការអង្កេត គឺជាវិធីសាស្ត្រមួយមានលក្ខណៈជាប្រព័ន្ធដែលត្រូវបានអ្នកស្រាវជ្រាវប្រើប្រាស់ជាទូទៅសម្រាប់ប្រមូលទិន្នន័យបែបបរិមាណវិស័យ (Quantitative Data)។ បច្ចេកទេសនៃការប្រមូលទិន្ន័យប្រភេទនេះគឺ គេប្រើបញ្ជីសំណួរដើម្បីសម្ភាសន៍ជាមួយសំណាករបស់ក្រុមមនុស្សដែលជាគោលដៅត្រូវបានគេសិក្សា។
៥.២.២ វិធីសាស្រ្តនៃការសង្កេត (Observation Method)
យើងអាចមើលទៅអ្វីមួយ ហើយយល់បានថា វាជាអ្វី ប៉ុន្តែមិនមែនមានន័យថា យើងបានអនុវត្តទៅតាមការសង្កេតតាមបែបវិទ្យាសាស្ត្រនោះទេ។ ផ្ទុយទៅវិញ ការសង្កេតតាមបែបវិទ្យាសាស្ត្រ គឺត្រូវមានផែនការច្បាស់លាស់ ដូចជាមានកម្មវត្ថុច្បាស់លាស់ មានតម្រូវការចាំបាច់ មានការកំណត់ទីកន្លែង និងពេលវេលាពិតប្រាកដ មានការកំណត់ច្បាស់លាស់ពីក្រុមគោលដៅដែលត្រូវសង្កេត មានរបៀប និងឧបករណ៍សម្រាប់ជំនួយ។ ការសង្កេតគឺជាវិធីវិសាស្រ្តនៃការប្រមូលទិន្នន័យបែបគុណវិស័យ(Qualitative Data) ដ៏មានសារៈសំខាន់សម្រាប់អ្នកស្រាវជ្រាវសង្គមយកទៅប្រើប្រាស់ក្នុងការពិព៌ណនាពីសកម្មភាព និងអត្តសញ្ញាណនៃ តថភាពសង្គម។ ការបណ្តុះបណ្តាលរបៀបនៃការសង្កេតដែលមានលក្ខណៈវិទ្យាសាស្ត្រ វាខុសគ្នាពីការគ្រាន់តែក្រឡេកឃើញអ្វីមួយ ហើយអាចធ្វើការសន្និដ្ឋានពីតថភាពសង្គមបាននោះឡើយ។
៥.២.៣ វិធីសាស្ត្រនៃការសិក្សាបែបករណី (Case Study)
ករណីសិក្សា (Case Study) គឺជាវិធីសាស្រ្តមួយដែលសង្គមវិទូប្រើប្រាស់វាដើម្បីសិក្សាឲ្យបានស៊ីជម្រៅទៅលើបាតុភូតសង្គមណាមួយ។ វិធីសាស្ត្រនេះ អាចមានសារៈសំខាន់ចំពោះការបង្កើតសម្មតិកម្ម ដែលអាចត្រូវបានគេយកទៅធ្វើតេស្តសម្រាប់វិទ្យាសាស្ត្រផ្សេងៗទៀតផងដែរ។ ព័ត៌មានដែលទុកចិត្តបានភាគច្រើនស្តីអំពីបញ្ហាសង្គម ដូចជាបទឧក្រិដ្ឋ ត្រូវបានគេផ្តល់ឲ្យដោយការសិក្សាតាមបែបករណីនេះឯង។ ការធ្វើទូទៅកម្មមិនអាចផ្អែកទៅលើកតែរណីមួយ ឬ ករណីពីរបីបាននោះទេ តែវាត្រូវតែផ្អែកទៅលើការរៀបចំដោយប្រុងប្រយ័ត្ននូវទិន្នន័យដែល បានមកពីការសិក្សាករណីជាច្រើន។